បរទេស៖មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកឃ្លាំមើលការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែត្រួតពិនិត្យមើលកិច្ចព្រមព្រៀងយោធានិងបច្ចេកវិទ្យាអាចទៅរួចមួយ រវាងទីដក្រុងព្យុងយ៉ាងនិងប្រទេសវេណេស៊ុយអេឡា និងបានព្រមានទីក្រុងការ៉ាកាស់ថា វាអាចនឹងបំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
មន្ត្រីសម្របសម្រួលរបស់គណៈកម្មការ ឃ្លាំមើលរបស់អង្គការសហប្រជាជាតិ លោក Alastair Morgan បានសរសេរកាលពីថ្ងៃទី១២ ខែមិថុនាថា “ដោយស្ថិតនៅក្នុងការពិចារណា សហប្រតិបត្តិការបែបនេះនោះ គឺជាមធ្យោបាយទទួលស្គាលើមួយ សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រំលោភបំពានសេចក្តីសម្រេចអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលគណៈកម្មការចង់ស្នើឲ្យមានការឆ្លើយតប ទៅនឹងព័ត៌មានដ៏គួរឲ្យព្រួយបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការដែលសង្ស័យខាងលើ”។
គួរបញ្ជាក់ថា ការតាមដានអង្កេតមើលនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលទណ្ឌកម្មសហរដ្ឋអាមេរិកលើវេណេស៊ុយអេឡា ដែលមានបំណងបង្កឲ្យលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង ជុំវិញបទចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្លោតឆ្នាំ២០១៨ និងភាពឯកោផ្នែកការទូតកើនឡើងនោះ កំពុងតែរុញច្រានប្រទេសវេណេស៊ុយអេឡា ឲ្យពង្រឹងចំណងមិត្តភាពជាមួយសត្រូវអាមេរិកនានា ដូចជាប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើងជាដើម៕ ប្រែសម្រួល៖ប៉ាងកុង