បរទេស៖ រដ្ឋាភិបាលរបស់ ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា កិច្ចពិភាក្សាសន្តិភាពរបស់ខ្លួន ជាមួយពួកតាលីបង់ នឹងចាប់ផ្តើម ធ្វើក្នុងពេលមួយសប្ដាហ៍ទៀត រួមជាមួយនឹង ការដោះដូរអ្នកទោសគ្នា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានមានប្រសាសន៍ប្រាប់ថា ការដោះដូរអ្នកទោសគ្នា នឹងត្រូវបានធ្វើឡើងឲ្យរួចរាល់ ហើយកិច្ចចរចាសន្តិភាពដោយផ្ទាល់ នឹងចាប់ផ្តើមក្នុងពេលមួយសប្ដាហ៍។
គួរបញ្ជាក់ថា ការដោះដូរអ្នកទោសគ្នា ត្រូវបានរង់ចាំ ចាប់តាំងពីមានកិច្ចព្រមព្រៀងគ្នាមួយ ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងពួកតាលីបង់ ក្នុងខែកុម្ភៈ បង្កើតឲ្យមានការដកកងទ័ពសហរដ្ឋអាមេរិក ក្រោមលក្ខខណ្ឌដោះដូរគ្នាមួយ គឺពួកតាលីបង់ដោះលែងអ្នកទោស១.០០០នាក់ និងទីក្រុងកាប៊ុល ដោះលែងអ្នកទោសតាលីបង់ ប្រហែល៥.០០០នាក់៕ ប្រែសម្រួល៖ប៉ាង កុង