បរទេស៖ កាលពីដើមខែកក្កដាប្រទេសឥណ្ឌា និងចិន បានយល់ព្រមដកទ័ព របស់ខ្លួនត្រឡប់មកវិញ ដើម្បីធានានូវការផ្តាច់ទំនាក់ទំនង ពេញលេញនៅក្នុងតំបន់ Ladakh បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដ៏អាក្រក់បំផុត រវាងប្រជាជាតិអាស៊ីខាងត្បូងទាំងពីរ ក្នុងរយៈពេលជិត ៥០ ឆ្នាំ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសទាំងពីរបានប្រឈមមុខគ្នាយ៉ាងខ្លាំង ដែលនាំឲ្យទាហានឥណ្ឌា ២០ នាក់ស្លាប់។ មន្ត្រីជាន់ខ្ពស់ឥណ្ឌា បានប្រាប់សារព័ត៌មាន Bloomberg ក្នុងលក្ខខណ្ឌ អនាមិកថា ប្រទេសឥណ្ឌាគ្រោង នឹងដាក់កងទ័ពចំនួន ៣៥.០០០ នាក់ បន្ថែមទៀត នៅតាមបណ្តោយបន្ទាត់ព្រំដែន ចម្ងាយ ៤.០៥៧ គីឡូម៉ែត្រ ក្នុងតំបន់ត្រួតត្រា ជាក់ស្តែងនៅតំបន់ហិម៉ាឡៃ ដែលមានជម្លោះ បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីកាត់បន្ថយភាពតានតឹង ដែលកំពុងកើតមានរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តី មន្ត្រីឥណ្ឌា ដែលបាននិយាយថា ការបង្កើតកងទ័ពបន្ថែមនៅភាគខាងកើត Ladakh បាន បន្ថែមសម្ពាធលើថវិកា យោធាតឹងរឹងរបស់ឥណ្ឌា។ ការបញ្ជូននេះត្រូវបានគេរាយការណ៍ថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឆ្លើយតប នឹងការដាក់ពង្រាយកងទ័ព របស់ចិននៅក្នុងតំបន់។
កងទ័ពរំដោះប្រជាជនចិន PLA ជិត ៥០,០០០ នាក់ត្រូវបានដាក់ពង្រាយនៅតំបន់ Aksai Chin ទោះបីជាមានកិច្ចពិភាក្សាគ្នា បន្ធូរស្ថានការណ៍ រវាងប្រទេសទាំងពីរក៏ដោយ។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រឈមមុខដាក់គ្នា យ៉ាងឃោរឃៅរវាងកងទ័ព នៃប្រទេសទាំងពីរនៅថ្ងៃទី ១៥ ខែមិថុនា, អាវុធធុនធ្ងន់ រថក្រោះ និងយន្តហោះចម្បាំង ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់នេះ៕
ប្រែសម្រួលៈ ណៃតុលា