ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើសពី១,៥លាននាក់ ខណៈជប៉ុន មានអ្នកឆ្លងប្រចាំថ្ងៃ លើសពី១ពាន់នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសអំពីការកើន ឡើងចំនួនអ្នកឆ្លងជំងឺខ្ពស់ ដូចជាប្រទេស ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១,៥លាននាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន បានកើនឡើងលើសពី១.០០០នាក់ជាលើកដំបូង ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនសរុប នៃអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេស មានរហូតដល់ជាង១,៥លាននាក់ គឺមានចំនួន១.៥៣១.៦៦៩នាក់ ។

ក្រសួងបានបញ្ជាក់ថា អ្នកស្លាប់បន្ថែមទៀត មានចំនួន៧៦៨នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មីចំនួន៤៨.៥១៣នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់៣៤.១៩៣នាក់ និងសរុបមានអ្នកឆ្លងជំងឺសរុប១.៥៣១.៦៦៩នាក់ ។

ក្រសួងបានបញ្ជាក់ថា “អ្នកឆ្លងជំងឺធ្ងន់ធ្ងរបច្ចុប្បន្នមានចំនួន៥០៩.៤៤៧នាក់” ។

យោងតាមតួលេខចុងក្រោយដែលបានមកពីក្រសួងសុខាភិបាល និងក្រុមអាជ្ញាធរក្នុងស្រុកថា ប្រទេសជប៉ុន ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីចំនួន១.០០២នាក់នៃជំងឺកូវីដ១៩ ដែលលើសពី១.០០០នាក់ជាលើកដំបូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top