បរទេស ៖ យោងតាមអង្គការសុខភាពពិភពលោក ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត លើមនុស្សជាង១.២០០នាក់ រកមើលមេរោគកូរ៉ូណា ចាប់តាំងពីមានការចាប់ផ្តើមផ្ទុះ ការរាតត្បាតឆ្លងមក ហើយលទ្ធផលតេស្តទាំងអស់ គឺអវិជ្ជមាន ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំកូរ៉េ បានឲ្យដឹងថា លោក Edwin Salvador ជាប្រធានការិយាល័យអង្គការ សុខភាពពិភពលោក ប្រចាំនៅកូរ៉េខាងជើង បានមានប្រសាសន៍ថា នៅក្នុងចំណោមមនុស្សចំនួន១.២១១នាក់ ដែលបានទទួលការធ្វើតេស្តនោះ មនុស្សចំនួន៦៩៦នាក់ ត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានអះអាង តាំងពីខែមករាមកថា មិនមានករណីមេរោគកូរ៉ូណានោះទេ ប៉ុន្តែបាននិយាយនៅសប្ដាហ៍នេះថា ជនរត់ចោលស្រុកមួយរូប ដែលទើបវិលចូលប្រទេសកូរ៉េ ខាងជើងវិញថ្មីៗនេះ ត្រូវបានគេសង្ស័យថា បានឆ្លងជម្ងឺកូវីដ១៩៕ ប្រែសម្រួល៖ប៉ាង កុង
