បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភជុំវិញ ការជួបជុំដែលបានគ្រោង ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយក្រុមនិស្សិតវិជ្ជាជីវៈ នៅទីក្រុងបាងកក ដែលអាចបង្កឱ្យមានការប្រឈមមុខដាក់គ្នា ជាមួយចលនាប្រឆាំងនឹងរដ្ឋាភិបាល។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ លោកឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា លោកមានការព្រួយបារម្ភថា ការជួបជុំរបស់ក្រុមនេះនៅវិមានប្រជាធិបតេយ្យ នៅពេលរសៀល អាចនឹងធ្វើឱ្យស្ថានការណ៍ នយោបាយកាន់តែខ្លាំងឡើង ដល់ចំណុចដែលការតវ៉ា មិនអាចដោះស្រាយបាន។
ចំណែកក្រុមអ្នកគាំទ្រ រដ្ឋាភិបាល ប្រមូលផ្តុំនៅក្រោមបដា Archeewa Chuay Chart (និស្សិតវិជ្ជាជីវៈជួយជាតិ) ដែលមានទំនាក់ទំនង ជាមួយសមាជិក របស់ខ្លួនភាគច្រើនតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន។
ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលលោកក៏ជារដ្ឋមន្រ្តី ក្រសួងការពារជាតិផងដែរនោះ បាននិយាយថា លោកបានបញ្ចុះបញ្ចូលក្រុមនេះមិនឱ្យបង្កើនការប្រជុំទៅជាការប្រមូលផ្តុំតវ៉ានោះទេ ទោះបីជាក្រុមនេះបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងនៅតែអានសេចក្តីថ្លែងការណ៍ ដើម្បីការពាររាជានិយម នៅវិមានប្រជាធិបតេយ្យនៅម៉ោង ៤ ល្ងាច ដដែល។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យអង្គភាពប្រឆាំងរដ្ឋាភិបាល បញ្ឈប់ការតវ៉ារបស់ពួកគេ និងស្វែងរកដំណោះស្រាយតាមរយៈសភា ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បានទាមទារ ឲ្យ លោកឧត្តមសេនីយ៍ប្រាយុទ្ធ លាលែងពីតំណែង ចំពោះការគ្រប់គ្រង មិនត្រឹមត្រូវរបស់លោក, សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងការបញ្ឈប់នូវអ្វី ដែលពួកគេអះអាងថា ជាការរារាំងសេរីភាពរបស់ប្រជាជន ។ លោកបានមានប្រសាសន៍ថា“ មិនមានការហាមឃាត់ការតវ៉ាទេ ប៉ុន្តែខ្ញុំសូមស្នើ ឱ្យអ្នកតវ៉ាគោរពច្បាប់” ៕ប្រែសម្រួលៈ ណៃ តុលា