បរទេស៖ ក្រុមមន្រ្តីសន្តិសុខបានឲ្ុដឹងថាសម្ព័ន្ធមិត្ត នៃក្រុមភេរវកម្ម ដែលមានគោលបំណង ធ្វើឱ្យអស្ថេរភាពសន្តិភាព នៅអាស៊ីខាងត្បូង កំពុងលេចចេញជារូបរាង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលកងទ័ពអាមេរិក បានដកខ្លួនចេញពីប្រទេស ដែលហែកហួរដោយសង្គ្រាម។
ពួកគេបានឲ្យដឹងថាសម្ព័ន្ធភាពនេះ គ្រោងនឹងបង្កើនការវាយប្រហារ នៅក្នុងតំបន់ផ្សេងទៀត នៅអាស៊ីខាងត្បូង រួមទាំងប្រឆាំងនឹងកងទ័ពនៅកាស្មៀរ របស់ប្រទេសឥណ្ឌាផងដែរ
អង្គការសកម្មប្រយុទ្ធមានមូលដ្ឋាននៅប៉ាគីស្ថាន, Lashker-e-Taiba និង Jaish-e-Mohammed, តាលីបង់អាហ្វហ្គានីស្ថាន និងរដ្ឋអ៊ីស្លាម – ខូរ៉ាសាន់ដែលជាសមាជិក ក្នុងតំបន់របស់ក្រុមភេរវកម្ម បានប្រមូលផ្តុំគ្នា ដើម្បីវាយឆ្មក់លើទ្រព្យ សម្បត្តិឥណ្ឌា នៅកាប៊ុល។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មហាអំណាចសហរដ្ឋអាមេរិក បានបង្ហាញផែនការ នៃការដកកងទ័ពរបស់ខ្លួន នៅទូទាំងពិភពលោក សូម្បីតែសម្ព័ន្ធមិត្ដជិតស្និទ្ធរបស់កូរ៉េខាងត្បូង ក៏ត្រូវរងសម្ពាធនេះដែរ ដោយលើកឡើងពីការបង់ថ្លៃការពារជាតិ របស់ពួកគេមិនគ្រប់គ្រាន់ និងបានលើកឡើងថា មិនចង់ធ្វើជាអ្នកជញ្ជក់ឈាម ប្រទេសទាំងនោះ៕
ដោយ ឈូក បូរ៉ា