បរទេស៖ តំណាងរាស្ត្រនៅក្នុងសភាអាមេរិក បានបញ្ជាឱ្យសមាជិកនិងបុគ្គលិកទាំងអស់ពាក់ម៉ាស់ នៅពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់ទៅ ១៥ ម៉ឺននាក់។ ជាមួយគ្នានោះដែរ ប្រធានសភាលោកស្រី Nancy Pelosi បានព្រមានអ្នកដែលល្មើសនឹងច្បាប់ថ្មីរឿងពាក់ម៉ាស់នេះ នឹងប្រឈមនឹងការត្រូវដេញចេញពីបន្ទប់សភា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Pelosi បានសំរេចចិត្តបែបនេះ បន្ទាប់ពីលោក Louie Gohmert សមាជិកសភាមកពីសាធារណរដ្ឋតិចសាស់ ជារឿយៗតែងតែនៅជុំវិញវិមានកាពីតូលដោយមិនបានពាក់ម៉ាទមុខនោះ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានវីរុសកូវីដ១៩កាលពីថ្ងៃពុធ។
លោក Louie Gohmert ក៏ត្រូវធ្វើដំណើរនៅថ្ងៃនោះ ជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ផងដែរ។
លោកស្រី Pelosi ដែលជាអ្នកប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយនៅជាន់ផ្ទាល់ដីសភាកាលពីល្ងាចថ្ងៃពុធថា សមាជិកទាំងអស់ នឹងត្រូវបានអនុញ្ញាតិអោយដោះម៉ាសរបស់ពួកគេវិញ នៅពេលនិយាយទៅកាន់អង្គសភា។
លោកស្រីបន្ថែមថា “ ប្រធានរំពឹងថាសមាជិកនិងបុគ្គលិកទាំងអស់ ត្រូវគោរពតាមតម្រូវការនេះជាសញ្ញានៃការគោរពសុខភាពសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកដទៃ ដែលមានវត្តមាននៅក្នុងសភា និងតំបន់ជុំវិញនោះ” ។
លោកស្រី Pelosi បាននិយាយថាលោកស្រីនឹងចាត់ទុកការខកខានមិនបានពាក់របាំងមុខដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ផ្នែកសុភាវធម៌ និងថែមទាំងព្រមានទៀតថា ផ្នែកសន្តិសុខប្រដាប់អាវុធនៅសភា អាចនឹងបណ្តេញចេញដោយបង្ខំចំពោះអ្នកណាម្នាក់ដែលមិនពាក់ម៉ាស៕ប្រែសម្រួលៈ ណៃ តុលា