ព័ត៌មានអន្តរជាតិ

អាមេរិក ពង្រីកវិសាលភាពទណ្ឌកម្ម ទាក់ទងនឹងលោហៈធាតុអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានពង្រីកវិសាលភាព នៃការដាក់ទណ្ឌកម្ម ទាក់ទងនឹងលោហៈធាតុរបស់អ៊ីរ៉ង់ ដោយកំណត់អត្តសញ្ញាណ សម្ភារៈជាក់លាក់ចំនួន ២២ ដែលជាវិធានការមួយ ដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ថ្ងៃនេះក្រសួងការបរទេសអាមេរិក កំពុងកំណត់អត្តសញ្ញាណសម្ភារៈជាក់លាក់ចំនួន ២២ ដែលត្រូវបានប្រើទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ យោធា ឬមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។

លោកបានបន្ថែមថា“ អ្នកដែលផ្ទេរសម្ភារៈបែបនេះ ទៅអ៊ីរ៉ង់ដោយចេតនា ឥឡូវនេះត្រូវទទួលទណ្ឌកម្ម” ។ សមា្ភរៈជាក់លាក់ចំនួន ២២ រួមមានទំរង់អាលុយមីញ៉ូមដែកថែប ជាច្រើនប្រភេទ។

នៅព្រឹកថ្ងៃនេះលោក Pompeo បានឲ្យដឹង នៅក្នុងសវនាការព្រឹទ្ធសភាថា សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ ដើម្បីធានាថា ការហាមឃាត់អាវុធ របស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ នឹងមិនផុតកំណត់ឡើយ៕ ដោយ៖ ឈូក បូរ៉ា

To Top