ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា សេចក្តីប្រកាសផ្លូវការមួយ ចេញដោយក្រសួងសុខាភិបាល សហព័ន្ធរបស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅកាលពីថ្ងៃសៅរ៍ថា អត្រាមរណភាពនៃអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានថមថយមកនៅត្រឹម ២,១៥ភាគរយ គិតពី ៣,៣៣ភាគរយ នៅក្នុងពាក់កណ្តាលខែមិថុនា ។
នេះគឺថា អត្រាមរណភាពស្ថិត ក្នុងកម្រិតទាបនៅក្នុងប្រទេស គិតចាប់ពីបិទប្រទេសលើកដំបូង ដោយបានធ្វើឡើងនៅក្នុង ប្រទេសកាលពីថ្ងៃទី២៥ ខែមីនា ។
សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា “ប្រទេសឥណ្ឌា នៅបន្តរក្សាកំណត់ត្រា នៃអ្នកចុះក្នុងបញ្ជី និងរក្សាអត្រាមរណភាព ដោយសារជំងឺកូវីដ១៩ ឲ្យនៅទាបបំផុតនៅលើ ឆាកអន្តរជាតិ” ។
អត្រានៃអ្នកជាសះស្បើយពីជំងឺមាន ៦៤,៥៣ភាគរយ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ។
យោងតាមទិន្នន័យ ចុងក្រោយបានឲ្យដឹងថា មានពលរដ្ឋចំនួន៣៦.៥១១នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងប្រទេស ។ សរុបមានអ្នកឆ្លងជំងឺដល់ទៅ ១.៦៩៥.៩៨៨ននាក់ ដោយក្នុង ១ថ្ងៃគត់ ដែលមានអ្នកឆ្លងជំងឺ ខ្ពស់បំផុតរហូតដល់ ៥៧.១១៨នាក់ កាលពីព្រឹកថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍ ។ មានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៥៦៥.១០៣នាក់ នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា