ព័ត៌មានអន្តរជាតិ

លោក អាបេ គ្រោងធ្វើសន្និសីទកាសែត ស្របពេលមានក្តីព្រួយបារម្ភពីសុខភាព

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ គ្រោងប្រារព្ធ ធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃសុក្រនេះ ដែលលោកត្រូវបានគេរំពឹងថា នឹងដោះស្រាយពីក្តីព្រួយបារម្ភ កំពុងកើនឡើង ស្តីពីសុខភាពរបស់លោក ក្រោយធ្វើការពិនិត្យសុខភាព នៅមន្ទីរពេទ្យថ្មីៗនេះចំនួន២ដង ក្នុងមួយសប្ដាហ៍។

នៅក្នុងសន្និសីទកាសែតនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងផ្តល់ការអត្ថាធិប្បាយស្តីពីសុខភាព និងបង្ហាញនូវវិធានការថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ហើយនៅក្នុងចំណោមរឿងទាំងអស់នោះ លោកនឹងប្តេជ្ញារក្សាថ្នាំវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់មនុស្សរាល់គ្នា នៅក្នុងប្រទេស ក្នុងដើមឆ្នាំ២០២១ ដោយចេញថ្លៃថ្នាំវ៉ាក់សាំងនោះ ជាមួយនឹងមូលនិធិបម្រុង។

ចំណែករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Yoshihide Suga បាននិយាយប្រាប់ សន្និសីទកាសែតមួយថា លោក អាបេ ចង់និយាយប្រាប់សាធារណជន ស្តីពីវិធានការទប់ស្កាត់មេរោគកូរ៉ូណាថ្មី និងជាថ្មីម្តងទៀត ធ្វើការច្រានចោលនូវក្តីព្រួយបារម្ភ ស្តីពីសុខភាពរបស់លោក ឬក៏ឱកាសនៃការសុំលាឈប់ ពីតំណែងរបស់លោក៕ ប្រែសម្រួល៖ប៉ាង កុង

To Top