រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពីបទធ្វើសង្គ្រាម លើបុព្វហេតុប៉ាឡេស្ទីន ដើម្បីរំលាយប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Saeb Erekat លេខាធិការគណៈកម្មាធិការ ប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានលើកឡើងថារដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីសម្រេចចំនួន ៤៨ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងសិទ្ធិរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១៧ ។
លោក Erekat បានសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងរបស់អាមេរិក ក្នុងការពិចារណា ដាក់ទីក្រុងយេរ៉ូសាឡឹម ជារដ្ឋធានីបង្រួបបង្រួមរបស់អ៊ីស្រាអែល នឹងមិនទទួលជោគជ័យឡើយ ដោយទទូចថា“ ក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន” ។
លោកបានអំពាវនាវ ដល់បណ្តាប្រទេសអារ៉ាប់ទាំងអស់ កុំធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយអ៊ីស្រាអែល និងមិនត្រូវផ្តួចផ្តើមគំនិតសន្តិភាពអារ៉ាប់ ដែលអំពាវនាវ ឱ្យមានទំនាក់ទំនងធម្មតា រវាងបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ជាថ្នូរនឹងការដកអ៊ីស្រាអែលពេញលេញ ចេញពីទឹកដីប៉ាឡេស្ទីន ដែលបានកាន់កាប់ និងការបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយជាមួយ ក្រុងយេរូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន៕ ដោយ ៖ ឈូក បូរ៉ា