បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធនឹងចលនាពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ស្កាត់កម្ទេចចោល មីស៊ីលផ្លោងមួយគ្រាប់ ដែលហោះតម្រង់ទៅទីក្រុង Najran។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែតរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយបន្ថែមឲ្យដឹងថា មីស៊ីលនោះ គឺត្រូវបានគេបាញ់ចេញក្នុង គោលដៅវាយប្រហារលើជនស៊ីវិល។
គួរបញ្ជាក់ថា ប្រទេសយេម៉ែន បានជាប់គាំងក្នុងជម្លោះ ចាប់តាំងពីឆ្នាំ២០១៤មក នៅពេលដែលពួកហូធី មានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ បានដណ្ដើមយកទីក្រុងសាណាអា ដែលជារដ្ឋធានីប្រចាំប្រទេស និងតំបន់ភាគខាងជើង ប្រទេសភាគច្រើន។ ការប្រយុទ្ធគ្នា បានកើនកាន់តែខ្លាំងឡើង នៅក្នុងខែមីនា ឆ្នាំ២០១៥ ជាពេលដែលកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត លូកដៃធ្វើអន្តរាគមដើម្បីរក្សារដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi៕ ប្រែសម្រួល៖ប៉ាង កុង