ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សោកស្ដាយចំពោះដំណឹង លាលែងតំណែង របស់លោក ស៊ីនហ្សូ អាបេ

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះដំណឹងនៃការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងការលាលែងពីតំណែង ហើយសូមជូនពរឱ្យលោក មានសុខភាពល្អឡើងវិញ។

អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយ ចំពោះការប្រកាសលាឈប់ពីតំណែងភ្លាមៗ ដោយលោកនាយករដ្ឋមន្រ្តីអាបេ ដែលបានដើរតួនាទីជាច្រើន សម្រាប់ការអភិវឌ្ឍ នៃទំនាក់ទំនង រវាងកូរ៉េខាងត្បូង – ជប៉ុន។

ប្រភពបានកត់សម្គាល់ថា លោកអាបេ បានបន្សល់ទុកនូវសមិទ្ធផល ដ៏មានអត្ថន័យផ្សេងៗគ្នា ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលកាន់អំណាច យូរជាងគេបំផុតរបស់ជប៉ុន។

លោកបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយនាយករដ្ឋមន្រ្តីជប៉ុនថ្មី ដើម្បីលើកកម្ពស់ចំណងមិត្តភាពទ្វេភាគី៕ ដោយ៖ ឈូក បូរ៉ា

To Top