បរទេស៖ ប្រទេសរុស្ស៊ី នឹងបណ្ដេញមន្ត្រីការទូតមួយរូប ចេញពីស្ថានទូតន័រវេសក្នុងទីក្រុងមូស្គូ ហើយនេះ គឺជាសកម្មភាពថ្មីមួយ ក្រោយទីក្រុងអូស្លូ បានបណ្តេញមន្ត្រីការទូតរុស្ស៊ីមួយរូប ពីបទសង្ស័យស៊ើបការណ៍សម្ងាត់ នេះបើយោងតាមការនិយាយប្រាប់ឲ្យដឹង ពីក្រសួងការបរទេស ក្នុងប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មន្ត្រីការទូតន័រវេស មានពេល៣ថ្ងៃចាកចេញ ពីប្រទេសរុស្ស៊ី ហើយនេះគឺជាការឆ្លើយតប ចំពោះការបណ្តេញ មន្ត្រីការទូតរុស្ស៊ីមួយរូប ចេញពីប្រទេសន័រវេស កាលពីដើមខែនេះ ដែលរុស្ស៊ីនិយាយថា គ្មានមូលដ្ឋានច្បាស់លាស់។
ចំណែកក្រសួងការបរទេសន័រវេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានទូតរបស់យើងក្នុងទីក្រុងមូស្គូ ត្រូវក្រសួងការបរទេសរុស្ស៊ី ជូនដំណឹងប្រាប់ថា មន្ត្រីការទូតមួយរូប ក្នុងចំណោមមន្ត្រីការទូតរបស់យើង មិនទទួលបានការស្វាគមន៍ នៅក្នុងប្រទេសរុស្ស៊ីទៀតទេ”៕ ប្រែសម្រួល៖ប៉ាង កុង
