ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ព្រមានថា អ្នកប្រើប្រាស់ចិន អាចធ្វើពហិកា ទៅលើផលិតផល របស់ក្រុមហ៊ុន Apple ប្រសិនបើអាមេរិក ហាមឃាត់កម្មវិធី WeChat

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្របានព្រមានថា អតិថិជនចិនអាចធ្វើពហិកា ជាមួយក្រុមហ៊ុន Apple ប្រសិនបើសហរដ្ឋអាមេរិក ហាមឃាត់ទៅលើកម្មវិធី WeChat ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ក្នុងខែនេះ បានប្រកាសហាមប្រាម ដោយចាប់ពីពាក់កណ្តាល ខែកញ្ញាទៅ លើកម្ម WeChat និងកម្មវិធីមួយទៀត ដែលគ្រប់គ្រងដោយជនជាតិចិនឈ្មោះ TikTok ដោយចោទប្រកាន់កម្មវិធីទាំងពីរនេះ ពីបទគំរាមកំហែង សន្តិសុខជាតិ និងបានបង្កភាពតានតឹងថែមទៀត រវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន។

ប៉ុន្តែអ្នកនាំពាក្យក្រសួង ការបរទេស លោក Zhao Lijian បានសរសេរនៅថ្ងៃសុក្រថា“ ប្រសិនបើ WeChat ត្រូវបានហាមឃាត់នោះវាគ្មានហេតុផលអ្វីដែលជនជាតិចិនត្រូវរក្សាផលិតផល iPhone និង Apple ទៀតនោះទេ” ។

កាលពីថ្ងៃព្រហស្បតិ៍លោក Zhao បាននិយាយថា“ ប្រជាជនចិនជាច្រើន កំពុងនិយាយថា ពួកគេអាចនឹងឈប់ប្រើ iPhone ប្រសិនបើ WeChat ត្រូវបានហាមឃាត់ នៅសហរដ្ឋអាមេរិក” ហើយបានចោទប្រកាន់ សហរដ្ឋអាមេរិកពីបទ“ ការគំរាមកំហែងសេដ្ឋកិច្ចជាលក្ខណៈប្រព័ន្ធ របស់ក្រុមហ៊ុនមិនមែនអាមេរិក” ដោយដាក់គោលដៅ លើកម្មវិធីរបស់ចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top