បរទេស ៖ កុមារចំនួន ១០ នាក់ បានស្លាប់ដោយសាររន្ទះបាញ់ នៅទីក្រុង Arua ភាគពាយព្យនៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីបាននាំគ្នាជ្រកនៅក្នុងខ្ទម ក្នុងកំឡុងពេលមានព្យុះ។
យោងតាម សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្មេងៗកំពុងលេងបាល់ទាត់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបង្ខំ ឱ្យពួកគេសម្រាក នៅក្នុងខ្ទមនៅក្បែរនោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
កុមារ ៩ នាក់ ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំ បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ក៏មានជនរងគ្រោះ ៣ នាក់ នៅរស់មានជីវិត ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យប្រចាំតំបន់៕
ប្រែសម្រួលៈ ណៃ តុលា