បរទេស ៖ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសុក្រថា សហភាពអឺរ៉ុប កំពុងតែត្រៀមរៀបចំដាក់ ទណ្ឌកម្មប្រឆាំងតួកគី ដែលអាចនឹងត្រូវពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំលើកក្រោយ នាថ្ងៃទី២៤ ខែកញ្ញា ក្នុងដំណើរឆ្លើយតប ចំពោះជម្លោះនៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ជាមួយនឹងប្រទេសក្រិក ។
លោក Josep Borrell បានមានប្រសាសន៍ថា វិធានការ ដែលជាមធ្យោបាយរារាំង សមត្ថភាពតួកគី ក្នុងការរុករកឧស្ម័នធម្មជាតិ នៅក្នុងដែនទឹក មានជម្លោះនោះ អាចធ្វើឲ្យប៉ះពាល់ ដល់បុគ្គល នាវា ឬក៏ការប្រើប្រាស់កំពង់ផែនៅអឺរ៉ុប ។ សហភាពអឺរ៉ុបនឹងផ្តោតលើអ្វីៗគ្រប់យ៉ាង ពាក់ព័ន្ធទៅនឹងសកម្មភាពនានា ដែលគិតថាមិនស្របច្បាប់ ។
គួរបញ្ជាក់ថា លោក Josep Borrell បានពោលយ៉ាងដូច្នេះ នៅក្នុងទីក្រុងប៊ែកឡាំង ជាទីដែលរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ូបជួបប្រជុំគ្នា ពិភាក្សាគាំទ្រដល់ប្រទេសក្រិក ក្រោយទីក្រុងអាតែន បានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងមួយ ស្តីពីព្រំដែនសមុទ្រ ដើម្បីទប់ទល់តួកគី ជុំវិញធនធាន ថាមពលនៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង