ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត Khyber Pakhtunkhwa បានឲ្យដឹងកាលពីថ្ងៃសុក្រថា ភ្លៀងនារដូវវស្សាបានបង្អុរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរង្វង់៣ថ្ងៃ នៅតំបន់ខ្លះនៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស អស់តិចបំផុត១៦នាក់ ទន្ទឹមនឹងនោះដែរ បានបង្កឲ្យរបួសជាច្រើននាក់ទៀត ។
អាជ្ញាធរខាងលើបានឲ្យដឹងថា ផ្ទះលើសពី២៩ខ្នងត្រូវបាន បំផ្លាញទាំងស្រុង និង២៥ខ្នងផ្សេងទៀតរងការបំផ្លាញ ដោយផ្នែកខ្លះ ក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តនេះ ។ ក្រុមអាជ្ញាធរបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមឡើង ដើម្បីជួយដល់អ្នកដែលបានរងនូវ ផលប៉ះពាល់ក្នុងតំបន់ជាច្រើន នៃខេត្តនេះ ។
ក្រៅពីនេះក៏មានករណី គ្រោះបាក់ដីបានកើតឡើងដែរ ដែលបានបង្កការរាំងស្ទះដល់ការធ្វើដំណើរ នៅតាមដងផ្លូវ Bisham-Swat និងតំបន់ផ្សេងៗទៀតដែលមានច្រើនកន្លែង បង្កការកកស្ទះចរាចរណ៍ ។ អាជ្ញាធរដដែលនេះបានឲ្យដឹងថា ការងារបោសសម្អាតត្រូវបានបង្កការរាំងស្ទះ ដល់ផ្លូវដែលធ្វើដំណើរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា