ព័ត៌មានអន្តរជាតិ

អាមេរិករំពឹងកាត់បន្ថយ កងទ័ពមួយភាគបីនៅអ៊ីរ៉ាក់

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកមួយរូបបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយវត្តមានកងទ័ពខ្លួន១ភាគ៣នៅអ៊ីរ៉ាក់ គឺស្មើនឹងប្រហែល៣.៥០០នាក់ ក្នុងពេលប៉ុន្មានខែខាងមុខទៀត ហើយនេះជាសកម្មភាពមួយដែលគេរំពឹងថានឹងកើតមាន ក្រោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់  ត្រាំ ប្តេជ្ញាកាត់បន្ថយទ័ពនាពេលថ្មីៗនេះ។ 

សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ៥.២០០នាក់ ដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ហើយមន្ត្រីក្នុងកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកនិយាយថា កងកម្លាំងអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពច្រើនដើម្បីគ្រប់គ្រងក្រុមរដ្ឋឥស្លាមជ្រុលនិយមដែលនៅសេសសល់ដោយខ្លួនឯងបាន។ 

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនា បានធ្វើការបញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួនចំពោះការកាត់បន្ថយកងទ័ពអាមេរិកនៅក្នុងប្រទេស ក្នុងពេលប៉ុន្មានខែខាងមុខនេះ  ដោយទីក្រុងវ៉ាស៊ីនតោនគ្មានគម្រោងរក្សាទុកមូលដ្ឋានអចិន្ត្រៃយ៍ ឬក៏វត្តមានយោធាអចិន្ត្រៃយ៍នោះឡើយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top