ព័ត៌មានអន្តរជាតិ

រថយន្តមួយគ្រឿង បុក រថពាសដែក របស់យោធាអាមេរិក នៅជិតក្រុងសេអ៊ូល បណ្តាលឱ្យស្លាប់ ៤នាក់ របួសទាហានម្នាក់

បរទេស៖ រថយន្តមួយគ្រឿង ដែលមានមនុស្ស ៤ នាក់នៅខាងក្នុង បានបើកបុករថពាសដែក របស់យោធាអាមេរិកមួយគ្រឿង នៅទីក្រុង Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ៤ នាក់បានស្លាប់ និងទាហានអាមេរិកម្នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះ ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់។

យោងតាមរបាយការណ៍បានអោយដឹងថា រថពាសដែកអាមេរិក កំពុងធ្វើដំណើរទៅកាន់មូលដ្ឋាន យោធានៅជិតទីក្រុងសេអ៊ូល នៅពេលដែលរថយន្ត ដឹកអ្នកដំណើរបានបុកពីខាងក្រោយ នៃរថយន្តយោធាអាមេរិក។

ជនរងគ្រោះនៃគ្រោះថ្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការព្យាបាលបន្ទាន់រួមទាំង CPR ប៉ុន្តែបានស្លាប់នៅពេលក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top