ព័ត៌មានអន្តរជាតិ

លោក អាបេ ប្រាប់លោក ត្រាំថា ការពង្រឹងសម្ពន្ធភាព នឹងគ្មានការផ្លាស់ប្តូរទេ

បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយប្រាប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ការពង្រឹងសម្ពន្ធភាពរបស់ប្រទេសទាំងពីរ នឹងត្រូវតែរក្សាទុក បើទោះជាពេលក្រោយការលាឈប់ពីតំណែងរបស់លោក អាបេ ក៏ដោយ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Akihiro Nishimura បាននិយាយប្រាប់ដូច្នេះថា “លោក (អាបេ) ចង់ឲ្យលោកប្រធានាធិបតី ត្រាំ រក្សាទំនុកចិត្ត ព្រោះគោលនយោបាយ ជំរុញបង្កើនសម្ពន្ធភាពរវាងអាមេរិកនិងជប៉ុន នឹងនៅតែមិនផ្លាស់ប្តូរ”។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកនឹងលាឈប់ពីតំណែង ដោយសារតែបញ្ហាសុខភាព ដែលលោកបានធ្វើការទ្រាំទ្រ ប្រយុទ្ធជាយូរមកហើយជាមួយនឹងជម្ងឺរលាកពោះវៀនធំ៕
ប្រែសម្រួល៖ប៉ាង កុង

To Top