បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅប្រទេស អាល្លឺម៉ង់ ទើបត្រូវបានកោះអញ្ជើញ មកក្រសួងការបរទេស នៅក្នុងទីក្រុងប៊ែកឡាំង ក្រោយពីអ្នកសារព័ត៌មានបរទេស ត្រូវបានគេឃុំខ្លួននៅក្នុងទីក្រុងមីនស្កិ៍។
ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅអាល្លឺម៉ង់ តាមសេចក្តីរាយាការណ៍ ត្រូវបានកោះអញ្ជើញឲ្យទៅក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ ហើយប្រទេសអាល្លឺម៉ង់ ក៏បានផ្អាកការចូលរួមក្នុងក្រុមប្រឹក្សាយុទ្ធសាស្ត្រអាល្លឺម៉ង់-បេឡារុសផងដែរ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះផងដែរ ប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តនី ក៏ធ្វើការប្រកាសពីទណ្ឌកម្ម លើមន្ត្រីបេឡារុស ចំនួនប្រហែល៣០រូប ដែលរួមមានទាំងប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស គឺលោក Alexander Lukashenko ផងដែរ។ កាលពីថ្ងៃទី២៨ ខែសិហាកន្លងទៅ លោក Alexander Lukashenko បានគម្រាមធ្វើការឆ្លើយតបចំពោះប្រទេសនានា ដែលនឹងដាក់ទណ្ឌកម្មលើប្រទេសលោក និងបានសង្កត់ធ្ងន់ថា ពួកគេស្រវឹងវង្វេងថាអ្វីជាប្រទេសបេឡារុស៕
ប្រែសម្រួល៖ប៉ាង កុង