ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា ទីក្រុង Kenosha នឹងមានអ្នកស្លាប់ និងរបួសច្រើន ប្រសិនបើមិនបានបញ្ជូនកងកម្លាំងឆ្មាំជាតិ ទៅនោះទេ

បរទេស៖ មុននេះអភិបាលរដ្ឋ Wisconsin លោក Tony Evers បានសម្តែងការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះទៅទីក្រុង Kenosha ចំពេលមានកុបកម្មកំពុងបន្ត និងលោកអភិបាលក៏បានជំរុញឱ្យ លោកប្រធានាធិបតីពិចារណាឡើងវិញ នូវផែនការទស្សនកិច្ចរបស់លោកនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានបដិសេធទ្វេដងលើការសម្រេចចិត្ត របស់លោកក្នុងការបញ្ជូន កងកម្លាំងឆ្មាំជាតិទៅទីក្រុង Kenosha ដើម្បីបង្ក្រាបកុប្បកម្មហិង្សា ដែលបានកើតឡើងនៅទីនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបណ្តាញសង្គមធ្វីតធ័រថា «ប្រសិនបើខ្ញុំមិនទទូចអំពីការអោយឆ្មាំជាតិធ្វើឱ្យសកម្មហើយចូលទៅក្នុង Kenosha រដ្ឋ Wisconsin ទេ ឥឡូវនេះនឹងមិនមាន Kenosha ទេ។ ដូចគ្នានេះផងដែរវានឹងមានការស្លាប់និងរបួសយ៉ាងច្រើនផងដែរ។ ខ្ញុំចង់អរគុណដល់ការអនុវត្តច្បាប់និងឆ្មាំជាតិ។ ខ្ញុំនឹងជួបអ្នកនៅថ្ងៃអង្គារ!

សូមជម្រាបថា កាលពីថ្ងៃអាទិត្យលោក Tony Evers អភិបាលរដ្ឋ Wisconsin បានសម្តែងការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារទៅកាន់ទីក្រុង Kenosha ចំពេលមានរលកប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការប្រឆាំងនឹងប៉ូលីស ដែលកំពុងបន្តកើតមាន។ លោក Evers បានអំពាវនាវឱ្យលោកប្រធានាធិបតីពិចារណាឡើងវិញនូវផែនការរបស់លោកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top