ព័ត៌មានអន្តរជាតិ

សេតវិមាន៖ រុស្ស៊ី ត្រូវតែគោរព អធិបតេយ្យភាព របស់បេឡារុស

បរទេស៖ លោកស្រី Kayleigh McEnany ជាលេខាធិការទទួលបន្ទុក សារព័ត៌មានរបស់សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍ថា ប្រទេសរុស្ស៊ី ត្រូវតែគោរពអធិបតេយ្យភាព របស់ប្រទេសបេឡារុស និងសិទ្ធិប្រជាជនរបស់ប្រទេសនេះ ក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ពួកគេ។

លោកស្រី Kayleigh McEnany ក៏បាននិយាយប្រាប់ អ្នកសារព័ត៌មានផងដែរថា មេដឹកនាំនានារបស់អតីត សាធារណរដ្ឋសូវៀតបេឡារុស គួរតែយកចិត្តទុកដាក់ចំពោះ ការទាមទារលទ្ធិប្រជាធិបតេយ្យ របស់ក្រុមបាតុករជាច្រើននាក់ ដែលធ្វើដំណើរតាមដងផ្លូវ អស់កាល៣សប្ដាហ៍កន្លងទៅ ដើម្បីតវ៉ាចំពោះអ្វីដែលពួកគេគិតថា ជាការបោះឆ្នោតជាតិដែលមាន ការលួចបន្លំសន្លឹងឆ្នោត។

នៅក្នុងសន្និសីទកាសែតមួយ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រជាជនបេឡារុសមានចំនួនច្រើន ដែលកំពុងតែតវ៉ាដោយសន្តិវិធីនោះ ធ្វើឲ្យឃើញប្រាកដច្បាស់ថា រដ្ឋាភិបាលមិនអាចព្រងើយកន្តើយ ចំពោះសំណើប្រជាជន ដែលសុំលទ្ធិប្រជាធិបតេយ្យនោះទេ ហើយប្រទេសរុស្ស៊ី ក៏ត្រូវតែគោរពអធិបតេយ្យភាព របស់ប្រទេសបេឡារុស និងសិទ្ធិប្រជាជនរបស់ប្រទេសនេះ ក្នុងការបោះឆ្នោតជ្រើស មេដឹកនាំរបស់ពួកគេ ដោយសេរីនិងយុត្តិធម៌ផងដែរ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top