រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២១៥នាក់ និងមានអ្នកឆ្លងជំងឺថ្មី ចំនួន៤២.៦៥៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រឹមមួយថ្ងៃសោះ គឺមានចំនួនកើនឡើងទ្វេដង ដែលបានរាយការណ៍ឲ្យដឹង នៅមុននេះមួយថ្ងៃ នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៥៥៣នាក់ ត្រូវបានចុះក្នុងបញ្ជី ។
ក្រសួងបានឲ្យដឹងទៀតថា សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើងដល់៣.៩៥០.៩៣១នាក់ និងមានអ្នកស្លាប់កើនឡើង ដល់១២២.៥៩៦នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេ និងបានរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងប្រទេសនេះ ដែលត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺរហូតដល់៨១៤.៣៧៥នាក់ និងមានអ្នកស្លាប់ចំនួន៣០.៣៧៥នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺ ចំនួន២២៦.៨០០នាក់ និងស្លាប់ចំនួន១៦.២១៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា