បរទេស៖ កងទ័ពឥណ្ឌានិងចិន បានចូលរួមក្នុងការប្រយុទ្ធ ដ៏ខ្លាំងជាថ្មីទៀត ប៉ុន្តែជាការប៉ះទង្គិចគ្នា ដោយដៃទល់នឹងដៃ កាលពីថ្ងៃទី ២៩ សីហា នៅ Chushul ដែលជាតំបន់មួយនៃដែនដីសហភាព Ladakh ។ ក្រោយមក ភាគីទាំងពីរបានធ្វើកិច្ចចរចាកម្រិត មេបញ្ជាការអស់រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ដើម្បីដោះស្រាយភាពតានតឹង ក្នុងតំបន់នេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិន បានបដិសេធរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា អំពីការស្លាប់និងរបួស ទៅលើភាគីឥណ្ឌាក្នុងអំឡុងពេល នៃការប៉ះទង្គិចនាពេលថ្មីៗនេះនៅ Ladakh ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបលើរបាយការណ៍ ដែលអះអាងថា ទាហានឥណ្ឌាម្នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនជាមួយកងទ័ពចិនកាលពីថ្ងៃសៅរ៍។
សូមជម្រាបថា យោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ Tibet Sun មេក្រុមរបស់ទាហានឥណ្ឌា ដែលមានអាយុ ៥១ ឆ្នាំ នៃកងកំលាំងជួរមុខ ពិសេសមកពីការតាំង ទីលំនៅទីបេនៅ Choglamsar ជិតរដ្ឋធានី Leh នៃតំបន់ Ladakh បានស្លាប់ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចល្បាត ដោយការស្លាប់នេះ បង្កឡើងដោយកងទ័ពចិន នៅយប់ថ្ងៃសៅរ៍៕
ប្រែសម្រួលៈ ណៃ តុលា