បរទេស ៖ កាសែតមួយបាន រាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ បានស្នើប្រទេសអាល្លឺម៉ង់ ឲ្យផ្តល់សេចក្តីលម្អិតស្តីពីការតេស្តបែបវេជ្ជសាស្ត្រធ្វើឡើងលើលោក Alexei Navalny ជាអ្នកនយោបាយប្រឆាំង របស់រុស្ស៊ីមួយរូប ដែលកំពុងតែដេក សន្លប់នៅក្នុងទីក្រុងប៊ែកឡាំង ក្រោយសង្ស័យថា ត្រូវគេបំពុលនៅស៊ីប៊ីរី កាលពីខែមុន ។
កាសែតរុស្ស៊ី RBC បាននិយាយថា ការិយាល័យអគ្គរដ្ឋអាជ្ញា បានស្នើក្រសួងយុត្តិធម៌ របស់ប្រទេសអាល្លឺម៉ង់ សុំព័ត៌មានស្តីពីការព្យាបាលរបស់លោក Navalny ដោយរួមបញ្ចូលទាំង លទ្ធផលតេស្តរកថ្នាំ ថ្នាំពុល សារធាតុគីមីជាតិដែក និងសារធាតុគីមី ដែលមានឥទ្ធិពលលើ ប្រព័ន្ធសរសៃប្រសាទ ។
ប៉ុន្តែយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងាសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ មិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីការិយាល័យអគ្គរដ្ឋអាជ្ញា ឬក៏ពីក្រសួងយុត្តិធម៌ របស់ប្រទេសអាល្លឺម៉ង់ ស្តីពីរបៀបដែលវាធ្វើការឆ្លើយតប ចំពោះសំណើនោះនៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង