ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមប្រឹក្សាយុត្តិធម៌ជាតិ បានចេញសេចក្តីប្រកាស មួយកាលពីថ្ងៃពុធថា ជំងឺកូវីដ១៩បានឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត តាមរយៈប្រព័ន្ធពន្ធនាគារ របស់ប្រទេសប្រេស៊ីល និងកន្លែងអប់រំកែប្រែ អ្នកទោសជាច្រើនកន្លែង ដែលមានអ្នកទោសស្ទើរជិត ៣៣.០០០នាក់បានរកឃើញថា មានលទ្ធផលវិជ្ជមាននៃវីរុសកូរ៉ូណា ។
ប្រព័ន្ធពន្ធនាគារត្រូវបាន ចុះបញ្ជីមានសរុបចំនួន ២៩.៤០៣ករណី ដែលមានអ្នកស្លាប់ចំនួន ១៨៣នាក់ហើយ ចំនួននេះបានកើនឡើង ៥០,៦ភាគរយធៀបនឹងខែមុន ទន្ទឹមនឹងនេះដែរ នៅតាមកន្លែងអប់រំកែប្រែ អ្នកទោសជាច្រើនទៀត ត្រូវបានគេមើលឃើញថា មានការកើនឡើង ៣៣,៩ភាគរយ ដែលមានអ្នកឆ្លងជំងឺត្រូវបានគេ បញ្ជាក់ឲ្យដឹងចំនួន ៣.៥៩៣នាក់ ។
ករណីដំបូងនៃជំងឺកូវីដ១៩ ក្នុងចំណោមអ្នកទោសទាំងនោះ ត្រូវបានគេបញ្ជាក់ឲ្យដឹង នៅក្រុងរីយ៉ូឌឺចាណេរ៉ូ នៅក្នុងខែមេសា ។
យោងតាមទិន្នន័យផ្លូវការ ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ៣ ដែលមានអ្នកទោសច្រើន ជាងគេបំផុតលើពិភពលោក គឺមានអ្នកទោសរហូតដល់ ៧៧៣.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា