ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានប្រកាសកាល ពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មដែលប្រកាសដោយរដ្ឋបាល សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលិកពីររូប នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រួមទាំងរដ្ឋអាជ្ញារបស់ខ្លួន គឺមិនអាចទទួលយកបានទេ។
លោក Josep Borrel តំណាងជាន់ខ្ពស់ សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការដាក់ទណ្ឌកម្មនេះគឺជាវិធានការដែលមិនធ្លាប់ មានពីមុនមក ដែលព្យាយាមរារាំងការស៊ើបអង្កេត និងដំណើរការនីតិវិធីរបស់តុលាការ។
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មទៅលើរដ្ឋអាជ្ញា ICC និងបុគ្គលិកជាន់ខ្ពស់នៅក្នុងការិយាល័យរបស់លោកស្រី សម្រាប់ការបន្តការស៊ើបអង្កេតចំពោះការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនជាតិអាមេរិក។
វាត្រូវបានគេរាយការណ៍ថា ការដាក់ទណ្ឌកម្មនេះរួមបញ្ចូលទាំងការ បង្កកទ្រព្យសម្បត្តិ ដែលកាន់កាប់នៅសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា