បរទេស៖អតីតមេបញ្ជាការជាន់ខ្ពស់ សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែរង់ចាំ រហូតដល់ឆ្នាំ២០២១ ដើម្បីបន្តកិច្ចពិភាក្សាការទូតជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិការួច។
លោកឧត្តមសេនីយ៍ Vincent Brooks ដែលធ្លាប់បម្រើការជាមេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សាការពារជាតិសេអ៊ូលប្រចាំឆ្នាំថា ប្រទេសកូរ៉េខាងជើង នឹងទាញយកប្រយោជន៍ពីការបោះឆ្នោតរបស់កូរ៉េខាងត្បូង សម្រាប់ក្រុមចរចាកាន់តែ ប្រសើរឡើង។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកប្រទេសកូរ៉េខាងត្បូងវិញ នឹងប្រារព្ធធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងឆ្នាំ២០២២ ហើយបេក្ខជននឹងត្រូវចូលរួមប្រកួតប្រជែងសម្រាប់តំណែងនេះ នៅឆ្នាំក្រោយ៕ប្រែសម្រួល៖ប៉ាង កុង