បរទេស ៖ មេដឹកនាំបេឡារុស លោក Alexander Lukashenko តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានតែងតាំងមន្ត្រី ស្មោះត្រង់របស់លោក ឲ្យកាន់តំណែងជាន់ខ្ពស់នានា ក្នុងបរិបទសន្តិសុខ របស់លោក ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីពង្រឹងអំណាច របស់លោក នៅអតីតសាធារណរដ្ឋសូវៀត ក្រោយប៉ុន្មានសប្ដាហ៍ បន្ទាប់ពីមានការតវ៉ា និងបាតុកម្មដ៏ធំ ។
លោក Alexander Lukashenko ដែលកំពុងតែប្រឈមមុខ ចំពោះការលំបាកដ៏ធំបំផុត ក្នុងរយៈកាន់ អំណាច២៦ឆ្នាំ របស់លោកនោះ បានធ្វើការរុះរើមន្ត្រី ដោយណែនាំឲ្យចាប់វិធានការ តឹងរឹងឡើង ចំពោះអ្វីដែលលោកចោទម្តង ហើយម្តងទៀតថា ជាការឈ្លានពានរបស់បរទេស នៅមុនពេលពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងគណៈប្រតិភូរដ្ឋាភិបាលរុស្ស៊ី ។
ដោយពោលសំដៅ ដល់ប្រទេសជាសមាជិក សហភាពអឺរ៉ុប ដែលមានព្រំដែនជាប់ នឹងប្រទេសបេឡារុសនោះ មេដឹកនាំប្រទេសបេឡារុសរូបនេះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប្រទេសកំពុងតែដំណើរការទៅមុខ បើទោះជាប្រទេសជាច្រើន ជាពិសេសនោះគឺប្រទេសជិត ខាងយើង ចង់ឲ្យយើងដួលរលំក៏ដោយ”៕
ប្រែសម្រួល៖ប៉ាង កុង