បរទេស៖ កាសែតរដ្ឋកូរ៉េខាងជើងមួយ បាននិយាយនៅថ្ងៃសៅរ៍នេះថា គណបក្សកាន់អំណាចកូរ៉េខាងជើង កំពុងតែស្នើឲ្យមានការដាក់ទោសមន្ត្រី ដែលមានកំហុសមិនអនុវត្តតាមបទបញ្ជា ជាហេតុបណ្ដាលឲ្យមានជនរងគ្រោះជាច្រើននាក់ នៅក្នុងអំឡុងព្យុះទីហ្វុង វាយប្រហារឧបទ្វីបកូរ៉េនៅក្នុងសប្ដាហ៍នេះ។
កាសែត Rodong Sinmun ជាកាសែតបក្សផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ថា មន្ត្រីនៅក្នុងទីក្រុង Wonsan ជាទីក្រុងស្ថិតនៅតាមតំបន់ឆ្នេរភាគខាងកើត ដែលរងការវាយប្រហារយ៉ាងដំណំដោយព្យុះទីហ្វុង Maysak និងខេត្ត Kangwon មិនបានអនុវត្តតាមសេចក្តីណែនាំដើម្បីរក្សាសុវត្ថិភាពអាគារនានា និងត្រៀមសម្រាប់ការជម្លៀសប្រជាជននោះទេ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងមួយនេះ បាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា ជនរងគ្រោះជាច្រើនបានកើតមាន ព្រោះតែការធ្វេសប្រហែសនិងល្បិតកិច្ចកល នៅក្នុងចំណោមមន្ត្រីក្រុងនិងខេត្ត ដែលមិនទទួលយកគោលការណ៍ណែនាំរបស់បក្ស៕
ប្រែសម្រួល៖ប៉ាង កុង