បរទេស៖យោងតាមការឲ្យដឹងពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានឲ្យដឹងថា យន្តហោះចម្បាំងរបស់កងកម្លាំងទ័ពជើងអាកាសប្រទេសកាណាដា នាពេលថ្មីៗនេះ បានធ្វើដំណើរទៅដល់ប្រទេសរ៉ូម៉ានីហើយ ដើម្បីចាប់ផ្តើមធ្វើបេសកកម្មល្បាតដែនអាកាសដែលកាន់តែប្រសើរឡើងរបស់ពួកគេ នៅថ្ងៃអាទិត្យនេះ។
យន្តហោះចម្បាំង CF-18 Hornet ចំនួន៦គ្រឿង និងបុគ្គលិកប្រហែល១៣៥នាក់មកពីកងកម្លាំងប្រដាប់អាវុធប្រចាំនៅរ៉ូម៉ានីរបស់កាណាដា បានទទួលវិញ្ញាបនប័ត្រស្តីពីការត្រៀមលក្ខណៈរួចរាល់ នៅក្នុងពិធីមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានកងទ័ពអាកាស Mikhail Kogainiceanu ក្នុងប្រទេសរ៉ូម៉ានីភាគនិរតី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ Fernando de la Cruz Caravaca ជាមេបញ្ជាការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការដែនអាកាស នៅមូលដ្ឋានទ័ពអាកាស Torrejón ក្នុងប្រទេសអេស្ប៉ាញ បាននិយាយប្រាប់ដូច្នេះថា “ប្រត្តិបត្តិការល្បាតដែនអាកាសណាតូ គឺជាផ្នែកមួយនៃគោលការណ៍ការពាររួមគ្នា ដែលជាឆ្អឹងខ្នងមួយសម្រាប់សម្ពន្ធមិត្ត”៕
ប្រែសម្រួល៖ប៉ាង កុង