ព័ត៌មានអន្តរជាតិ

ខេត្ត ហ្គាងណាម វៀតណាម បើកសេវាកំសាន្តឡើងវិញ ក្រោយគ្មានអ្នកឆ្លង មេរោគរយៈពេល ១៨ថ្ងៃ ជាប់គ្នា

បរទេស៖ កន្លែងកម្សាន្តរួមមាន ហាងបារ ខារ៉ាអូខេ និង ក្លឹបរាំ នៅក្នុងខេត្ត ហ្គាងណាម ប្រទេសវៀតណាម ចាប់ផ្តើមដំណើរការឡើងវិញចាប់ពីម៉ោង ៦ ព្រឹកថ្ងៃអាទិត្យបន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយខែ។ ការសម្រេចចិត្តនេះបានកើតឡើងខណៈដែលខេត្តភាគកណ្តាលមួយនេះ មិនបានកត់ត្រាការឆ្លងថ្មីក្នុងស្រុកអស់រយៈពេល ១៨ ថ្ងៃជាប់ៗគ្នា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ការដឹកជញ្ជូនសាធារណៈទូទាំងខេត្តក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញផងដែរ ខណៈដែលតំបន់ទេសចរណ៍នានា នឹងត្រូវបើកដំណើរការឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរ។

ពិធីបុណ្យ, ព្រឹត្តិការណ៍សាសនា និងការជួបជុំវប្បធម៌ផ្សេងទៀត ត្រូវបានអនុញ្ញាត ប៉ុន្តែអ្នកស្រុកត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាសការពារ និងរក្សាគម្លាតសុវត្ថិភាពនៅទីសាធារណៈ និងជៀសវាងហ្វូងមនុស្សច្រើន លើកលែងតែសាលារៀន ការិយាល័យ និងមន្ទីរពេទ្យ។

សូមជម្រាបថា ខេត្តហ្គាងណាមដែលជាទីប្រជុំជនបុរាណហូយអាន គឺជាចំណុចក្តៅដ៏សំខាន់នៃការផ្ទុះមេរោគកូវីដ១៩ ដោយបានកត់ត្រានូវករណីឆ្លងមេរោគក្នុងស្រុកខ្ពស់បំផុតទី ២ ចំនួន ៩៦នាក់ បន្ទាប់ពីទីក្រុង ដាណាង ជាការផ្ទុះឡើងនៃ Covid-19 រលកទី ២ បានវិលត្រឡប់មកឆ្លងក្នុងសហគមន៍វិញនៅចុងខែកក្កដា៕
ប្រែសម្រួលៈ ណៃ តុលា

To Top