តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុន NHK បានរាយការណ៍ថា មនុស្សជាង ៨១០.០០០ នាក់ ដែលរស់នៅក្នុងតំបន់ភាគខាងត្បូងនិងនិរតីនៃប្រទេសជប៉ុន ត្រូវបានបញ្ជាឱ្យជម្លៀសជាបន្ទាន់ នៅថ្ងៃអាទិត្យ ដោយសារព្យុះទីហ្វុង Haishen ជិតបោកបក់មកដល់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ការជម្លៀសប្រជាជននេះ ត្រូវបានផ្តល់អនុសាសន៍ដល់ប្រជាជនចំនួន ៥.៥ លាននាក់ផ្សេងទៀត នៅក្នុងខេត្តចំនួន ១០ ក្នុងប្រទេសជប៉ុនផងដែរ។
យោងតាមមន្រ្តីអាកាស ធាតុជប៉ុននិយាយថា ព្យុះ Haishen នៅម៉ោង ១៧. ០០ ម៉ោងក្នុងស្រុក ស្ថិតនៅចម្ងាយ ៧០ គីឡូម៉ែត្រ ពីភាគខាងត្បូង កោះយ៉ាគុស៊ីម៉ា របស់ប្រទេស ហើយកំពុងធ្វើដំណើរទៅភាគខាងជើង ក្នុងល្បឿន ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង (២២ ម៉ាយក្នុងមួយម៉ោង) ។
ទិន្នន័យចុងក្រោយបានបង្ហាញថា ព្យុះនេះមានថាមពលខ្យល់ ដែលអាចធ្វើដំណើរបាន ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្លាំងខ្យល់កើនឡើងដល់ ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រែសម្រួលៈ ណៃ តុលា