បរទេស៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បាននិយាយថា ទីផ្សារវៀតណាមគឺធំល្មម សម្រាប់ក្រុមហ៊ុនជប៉ុន អនុវត្តផែនការវិនិយោគ ប្រកបដោយមហិច្ឆតា និងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តាមរយៈប្រទេសវៀតណាម គឺក្រុមហ៊ុនជប៉ុនអាចចូលទៅ ក្នុងប្លុកអាស៊ានដែល មានប្រជាជនជិត ៦៥០ លាននាក់។ លោក ហ្វុក បាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃច័ន្ទជាមួយក្រុមហ៊ុនជប៉ុនចំនួន ១៥ ដែលគ្រោងនឹងពង្រីកអាជីវកម្ម របស់ខ្លួននៅវៀតណាម។
ក្រុមហ៊ុនទាំង ១៥ នេះគឺជាផ្នែកមួយនៃក្រុមហ៊ុនចំនួន ៨៧ ដែលរដ្ឋាភិបាលជប៉ុន កំពុងចំណាយដើម្បីប្តូរ ផលិតកម្មចេញពីប្រទេសចិន។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅវៀតណាមលោក Yamada Takio បាននិយាយថា វិនិយោគិនជប៉ុនជាច្រើន ចាប់អារម្មណ៍លើប្រទេសវៀតណាម ដែលជាទិសដៅវិនិយោគថ្មីមួយ ចំពេលមានជំងឺរីករាលដាលរាតត្បាត Covid-19 ។
លោកបានស្នើថា ប្រទេសវៀតណាម នឹងបន្តការធ្វើដំណើររវាង ប្រទេសទាំងពីរនិងធ្វើឱ្យប្រសើរឡើង នូវការចំណាយមូលនិធិ សាធារណៈសម្រាប់គម្រោងធំ ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនចំណាត់ថ្នាក់ ឥណទានរបស់ប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា