ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជិត៩ម៉ឺនាក់ ខណៈឥណ្ឌូនេស៊ី មានអ្នកឆ្លងថ្មី ជាង៣.៣០០នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នៅតែបន្តប្រយុទ្ធប្រឆំាង នឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន៨៩.៧០៦នាក់ និងឥណ្ឌូនេស៊ី បានកត់ត្រាថា មានអ្នកឆ្លងជំងឺថ្មី ចំនួន៣.៣០៧នាក់ គិតត្រឹមថ្ងៃពុធនេះ ។

យោងតាមសេចក្តីប្រកាសទិន្នន័យចុងក្រោយ ចេញដោយក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់៨៩.៧០៦នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៤.៣៧០.១២៨នាក់ និងមានអ្នកស្លាប់ចំនួន១.១១៥នាក់ ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់៧៣.៨៩០នាក់ ។

នៅតែមានអ្នកជំងឺកូវីដ១៩ ចំនួន៨៩៧.៣៩៤នាក់ នៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន៣.៣៩៨.៨៤៤នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ។
ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថា ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣.៣០៧នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់២០៣.៣៤២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ពី១០៦នាក់ដល់៨.៣៣៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top