ព័ត៌មានអន្តរជាតិ

ថៃដុតកម្ទេចចោលទំនិញក្លែងក្លាយ ប្រមាណជាង៧៨ម៉ឺនមុខ គិតជាទឹកប្រាក់ប្រមាណ ១១លានដុល្លារ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ កាលពីថ្ងៃពុធ បានធ្វើការផ្សព្វផ្សាយ នូវរូបភាពផ្ទាល់នៃការដុតកម្ទេចចោល នូវទំនិញក្លែងក្លាយចំនួន ៧៨៥.៣៧៦មុខ ដែលប៉ាន់ប្រមាណទៅ ស្មើនឹងទឹកប្រាក់១១លានដុល្លារអារមេរិក ។

ទំនិញក្លែងក្លាយរាប់សិបមុខទាំងនេះ នៅក្នុងដែនដី ភាគកណ្តាលប្រទេសថៃឡង់ដ៏ គឺនៅខេត្ត Saraburi និងប៉ែកខាងកើតនៅខេត្ត ឈុនបុរី ។

ក្រសួងបានឲ្យដឹងថា ការផ្សព្វផ្សាយដោយផ្ទាល់នេះ បានធ្វើឡើង ជូនដល់អង្គការបរទេស ប្រមាណ៩០អង្គការ តាមរយៈវីដេអូ Zoom ដែលជាកម្មវិធី សម្រាប់ប្រើក្នុងសន្និសីទ ។

ទំនិញក្លែងក្លាយទាំងនោះរួមមាន សម្លៀកបំពាក់ កាបូប ខ្សែក្រវ៉ាត់ ស្បែកជើង នាឡិកា ទូរស័ព្ទដៃចល័ត ឌីស វ៉ែនតា គ្រឿងសំអាង មួក និងភួយ ផងដែរ ។

ការរឹបអូសទំនិញទាំងអស់នេះ បានធ្វើឡើងដោយប៉ូលិសភូមិន្ទថៃ នាយកដ្ឋានគយ និងនាយកដ្ឋានស៊ើបអង្កេតពិសេស ។

លោក Weerasak Wangsuphakijkosol អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលធ្វើជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចោលនេះ បានថ្លែងថា រដ្ឋាភិបាលថៃ មានភាពម៉ឺងម៉ាត់ណាស់ ក្នុងការបង្ក្រាបទំនិញក្លែងក្លាយ ហើយនៅតែបន្តយុទ្ធនាការ ប្រឆំាងនឹងការទិញមុខទំនិញ ដែលមិនមានស្លាកយីយោគ្រប់ប្រភេទ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top