ម៉ានីល៖ ចំនួនករណីឆ្លងមេរោគកូវីដ១៩ ដែលបានបញ្ជាក់ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ២៤៨ ៩៤៧ នាក់ បន្ទាប់ពីក្រសួងសុខាភិបាល (DOH) ប្រទេសនេះ បានរាយការណ៍ថា មានករណីរកឃើញថ្មីចំនួន ៣ ៨២១ ករណីនៅថ្ងៃព្រហស្បតិ៍។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម DOH ថា ចំនួននៃអ្នកជំងឺដែលបានជាសះស្បើយក៏បានកើនឡើងដល់ ១៨៦.០៥៨នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៥៦៣ នាក់បានជាសះស្បើយឡើងវិញ។
ក្រសួងសុខាភិបាល (DOH) បានបន្ថែមទៀតថា អ្នកជំងឺ ៨០ នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ទៅ ៤ ០៦៦ នាក់។
ទីក្រុងម៉ានីល ដែលជាចំណុចកណ្តាល នៃការផ្ទុះជំងឺនេះ បានកើតឡើងភាគច្រើននៃករណីឆ្លងដែលត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃ ដោយនៅថ្ងៃព្រហស្បតិ៍នេះ គឺបានរកឃើញមានអ្នកឆ្លងចំនួន ២ ០៧៩នាក់៕
ប្រែសម្រួលៈ ណៃ តុលា