បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានដកហូតទិដ្ឋាការរបស់ជនជាតិចិន ចំនួនជាង១.០០០នាក់ ក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីចុងខែឧសភា ផ្តោតគោលដៅលើនិស្សិតបញ្ញវ័ន្តចិន ដែលជាប់ចោទពីបទមានចំណង ពាក់ព័ន្ធជាមួយយោធា របស់ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា និស្សិតរៀនចប់និងអ្នកសា្រវជ្រាវចិនជាង១.០០០នាក់មកពីប្រទេសចិន ត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី០១ខែមិថុនាមក។
ការដកហូតទិដ្ឋាការនេះ គឺត្រូវបានធ្វើឡើង ក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីថ្ងៃទី២៩ ខែឧសភា ដែលចោទប្រកាន់សាធារណរដ្ឋ ប្រជាមានិតចិន ពីបទជាប់ពាក់ព័ន្ធក្នុង យុទ្ធនាការគាំទ្រយ៉ាងធំ ដើម្បីទទួលបានបច្ចេកវិទ្យាដ៏រសើបនានា និងកម្មសិទ្ធិបញ្ញារបស់អាមេរិក យកទៅធ្វើទំនើបកម្មនិងជំរុញបង្កើនយោធា ក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង