ព័ត៌មានអន្តរជាតិ

ចិននិងឥណ្ឌា ព្រមព្រៀងគ្នា ដកកងទ័ពចេញពីព្រំដែនមានជម្លោះ

បរទេស៖ ប្រទេសចិននិងឥណ្ឌានិយាយថា បានព្រមព្រៀងគ្នាបំបាត់ភាពតានតឹង ដែលបានកើតមានឡើងថ្មី នៅតព្រំដែនមានជម្លោះ តាមជួរភ្នំហិមាល័យ និងចាត់វិធានការស្តារឡើងវិញ នូវសន្តិភាពនិងភាពស្ងប់ស្ងាត់ ក្រោយមានកិច្ចប្រជុំការទូត កម្រិតខ្ពស់ក្នុងទីក្រុងមូស្គូ។

ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានជួបគ្នា នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងបានឈានដល់ការយល់ស្របគ្នា ៥ចំណុច ដែលរួមមានកិច្ចព្រមព្រៀងនានា ដែលថា ស្ថានភាពព្រំដែនបច្ចុប្បន្ន មិនស្ថិតនៅក្នុងផលប្រយោជន៍ប្រទេសទាំងពីរ និងថា កងទ័ពទាំងសងខាង គួរតែដកចេញវិញឲ្យបានឆាប់រហ័ស ព្រមទាំងបន្ថូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា ការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ នៅខាងក្រៅកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃនេះ គឺបានកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតំបន់ព្រំដែន តាមជួរភ្នំហិមាល័យភាគខាងកើត កាលពីដើមសប្ដាហ៍នេះ ហើយចិននិងឥណ្ឌា បានចោទដាក់គ្នា អំពីការបាញ់ទៅលើ នៅពេលប្រឈមមុខដាក់គ្នានោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top