ព័ត៌មានអន្តរជាតិ

អាមេរិក៖ ពលរដ្ឋនៅរដ្ឋ Oregon កន្លះលាននាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួន ខណៈ មនុស្ស ៨ នាក់ បានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ

បរទេស៖ នៅពាក់កណ្តាលខែសីហា ភ្លើងឆេះព្រៃដ៏ធំបានចាប់ផ្តើមពាសពេញរដ្ឋអាមេរិកជាច្រើនរួមមានរដ្ឋ California, Oregon, Idaho, Montana និង Washington ដែលជំរុញឱ្យក្រុមសង្គ្រោះបន្ទាន់ធ្វើការប្រណាំងប្រឆាំងនឹងពេលវេលា ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាននៅតាមបណ្តោយឆ្នេរខាងលិចនៃប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរនៅរដ្ឋ Oregon សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥០ ម៉ឺននាក់ ដោយយ៉ាងហោចណាស់ ១០ ភាគរយនៃប្រជាជនចំនួន ៤,២ លាននាក់របស់រដ្ឋនេះត្រូវបាន បង្ខំឲ្យ ជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃនៅតែបន្តឆេះពាសពេញរដ្ឋ និងផ្នែកផ្សេងទៀតនៃឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Associated Press ។

អាជ្ញាធរបានចង្អុលបង្ហាញថា អគ្គិភ័យដែលមិនធ្លាប់មានពីមុនមកបានកើតឡើងកាន់តែខ្លាំងឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ នៅភាគពាយព្យនៃរដ្ឋ Oregon ដោយសារតែអាកាសធាតុក្តៅ និងមានខ្យល់បោកបោកខ្លាំង។

អភិបាលរដ្ឋ Oregon លោកស្រី Kate Brown បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ដោយសារអគ្គិភ័យ ដែលបានដុតបំផ្លាញផ្ទៃដីជាង ៩០០ ០០០ ហិចតា ដែលជាចំនួនផ្ទៃដីយ៉ាងធំដែលត្រូវបានដុតដោយអគ្គិភ័យទូទាំងរដ្ឋក្នុងរយៈពេលតែ ៧ ថ្ងៃប៉ុណ្ណោះ។

លោកស្រី Brown បាននិយាយថា“ យើងមិនដែលឃើញទំហំអគ្គិភ័យដែលមិនអាចគ្រប់គ្រងបាននៅទូទាំងរដ្ឋបែបនេះទេ” ។ លោកស្រីបានស្នើដល់រដ្ឋដទៃទៀតនិងរដ្ឋាភិបាលសហព័ន្ធដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top