បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងដែរថា អគ្គលេខាធិកាអង្គការ សហប្រជាជាតិ លោក Antonio Guterres បានថ្លែងស្វាគមន៍យ៉ាងខ្លាំង ចំពោះដំណើរការចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងរដ្ឋាភិបាល អាហ្គានីស្ថាននិងក្រុមតាលីបង់ នៅទីក្រុងដូហាប្រទេសកាតា។
ថ្លែងនៅក្នុងវិដេអូ មួយលោក Guterres បាននិយាយថា កិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សា ដែលមានឈ្មោះថា Intra-Afghan ត្រូវបានធ្វើឡើងថ្ងៃនេះ ក្នុងទីក្រុងដូហារវាងសាធារណៈរដ្ឋ អ៊ីស្លាមអាហ្គានីស្ថាន និងក្រុមតាលីបង់ គឺជាឧិកាសដ៏សំខាន់បំផុតមួយ ក្នុងការសម្រេចឲ្យបាននូវក្តីប្រាថ្នា នៃពលរដ្ឋអាហ្គានីស្ថានគ្រប់រូប។
ក្នុងនោះគ្រប់ភាគី ទាំងអស់ ត្រូវបំពេញតួនាទីរបស់ពួកគេ ដើម្បីធានាថាស្ត្រីចូលរួមក្នុងតួនាទីឲ្យ បានច្រើនហើយដំណើរការសន្តិភាព លើកនេះនឹងឆ្លុះបញ្ចាំង ពីបទពិសោធន៍និងជំនាញ របស់ស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងភាពចម្រុះរបស់ពួកគេផងដែរ៕
ប្រែសម្រួល៖ស៊ុនលី