ព័ត៌មានអន្តរជាតិ

លោក Yoshihide Suga នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ក្រោយបក្សកាន់អំណាច បានជ្រើសរើសឱ្យបន្តតំណែងពីលោក អាបេ

BBC៖ គណបក្សដឹកនាំរដ្ឋាភិបាល របស់ប្រទេសជប៉ុន បានជ្រើសរើសលោក Yoshihide Suga ជាមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីស្នងតំណែងលោកស៊ីនហ្សូអាបេ មានន័យថា លោកប្រាកដជានឹងក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីខែមុនលោកអាបេ បានប្រកាសលាលែងពីតំណែង ដោយសារហេតុផលសុខភាព។

លោក Yoshihide Suga អាយុ ៧១ ឆ្នាំ មានតួនាទីជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីក្នុងរដ្ឋបាលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថា នឹងឈ្នះសម្រាប់តំណែង ជានាយករដ្ឋមន្រ្តីនេះ។ លោកត្រូវបានគេចាត់ទុកថា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកអាបេ ហើយទំនងជាបន្តគោលនយោបាយរបស់លោក អាបេ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ដូចអ្វីដែលបានរំពឹងទុកជាទូទៅលោក Suga បានឈ្នះដោយសំឡេងឆ្នោត យ៉ាងច្រើនដោយទទួលបានសំឡេង ៣៧៧ ក្នុងចំណោមសំលេងសរុប ៥៣៤ សំលេងពីសមាជិកសភាគណបក្សរបស់ លោក និងតំណាងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top