អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសន្តិសុខបានឲ្យ ដឹងកាលពីថ្ងៃអាទិត្យថា យោធាជើងទឹករបស់ប្រទេសអាហ្សង់ទីន បានរឹបអូសកញ្ឆាបានជាង៤តោន នៅខេត្ត Misiones ភាគខាងជើងប្រទេស នៅជិតព្រំដែនជាមួយ ប្រទេសប៉ារ៉ាហ្គាយ ដែលមានតម្លៃជាង៤លានដុល្លារអាមេរិក ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយថា ក្នុងអំឡុងពេលប្រតិបត្តិការដែលបានអនុវត្តដោយក្រុមសមាជិកជើង ទឹកអាហ្សង់ទីន នៅចម្ងាយ១.៧៣២គីឡូម៉ែត្រនៃទន្លេ Parana River នៅជិតកំពង់ផែ Mbopicua ប្រមាណ១.០៨៥គីឡូម៉ែត្រស្ថិតនៅភាគខាងជើងរដ្ឋធានី Buenos Aires ។ ក្រុមអាជ្ញាធរក៏បានចាប់ខ្លួនបាន ៤នាក់ ។
ក្រសួងបានឲ្យដឹងថា “ក្រុមល្បាតជើងគោកមួយ ក្រុមបានតាមដានរថយន្តដឹកទំនិញមួយគ្រឿងដែលបានបើកបរក្នុងល្បឿនលឿន ចេញពីឆ្នេរសមុទ្រតាមបណ្តោយ ផ្លូវជិតដល់ផ្លូវចរាចរណ៍ ។ ហើយរថយន្តខាងលើឃើញ វត្តមានក្រុមប៉ូលិសជំនាញដែលជាកងកម្លាំងសហព័ន្ធ ហើយរថយន្តនោះបានព្យាយាម បើករត់គេច ” ។
ក្រៅពីនេះ ក្រុមជំនាញសន្តិសុខ ក៏បានរឹបអូសប្រាក់សុទ្ធចំនួនជាង៣,៤លានប៉េសូ ស្មើនឹងប្រមាណ៤៥.០០០ ដុល្លារអាមេរិក ទូរស័ព្ទចំនួន១១គ្រឿង កុំព្យូទ័រមួយគ្រឿង និងឧបរកណ៍ផ្សេងៗទៀតដែលជាវត្ថុតាង សំខាន់ក្នុងការស៊ើបអង្កេត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា