បរទេស៖ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីទីក្រុងអង់ការ៉ាប្រកាស ពីការរកឃើញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ខ្លួននៅក្នុងតំបន់មកនើ នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងថាមពលតួកគី លោក Fatih Donmez បានមានប្រសាសន៍ថា ប្រទេសតួកគី នឹងបញ្ជូននាវាខួងរកឧស្ម័នគ្រឿងទីពីរ ទៅធ្វើប្រតិបត្តិការនៅសមុទ្រខ្មៅ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើបណ្ដាញសង្គមធ្វីតធ័រ លោក Fatih Donmez បានមានប្រសាសន៍យ៉ាងដូច្នេះថា “នាវាខួបប្រេង Kanuni របស់យើង ដែលមានការងារត្រៀមរៀបចំកំពុងតែបន្តនោះ នឹងចាប់ផ្តើមខួងនៅសមុទ្រខ្មៅ”។
លោករដ្ឋមន្ត្រថាមពលតួកគីរូបនេះ បាននិយាយបន្ថែមទៀតថា នាវា Kanuni នេះ នឹងគាំទ្រដល់នាវាខួងប្រេង Fatih ដែលបានរកឃើញទីតាំងឧស្ម័នធម្មជាតិ៣២០ពាន់លានម៉ែតគូប នៅចម្ងាយប្រមាណ១០០ម៉ាយភាគខាងជើងតំបន់ឆ្នេររបស់ប្រទេសតួកគី។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសតួកគី នាំចូលតម្រូវការថាមពលរបស់ខ្លួនស្ទើរតែទាំងអស់ ហើយការរកឃើញឧស្ម័នធម្មជាតិណាមួយនេះ នឹងជួយកាត់បន្ថយភាពខ្វះខាតដែលមានក្នុងពេលបច្ចុប្បន្ន៕