បរទេស៖ ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបាដាដ កាលពីខែមករា ដែលជាបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។ ការសម្លាប់នេះបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ដោយអ៊ីរ៉ង់បានឆ្លើយតបដោយវាយប្រហារមូលដ្ឋាន យោធាអាមេរិកនៅអ៊ីរ៉ាក់ និងប្រហារជីវិតចារកម្មម្នាក់ ដែលត្រូវបានគេនិយាយថា បានផ្តល់ព័ត៌មានដល់អាមេរិកអំពីលោក Soleimani។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន Politico ផ្សាយដោយដកស្រង់ប្រភពផ្លូវការដែល ស្និតនឹងចារកម្មបាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងថ្លឹងថ្លែងលទ្ធភាព នៃការធ្វើផែនការធ្វើឃាតមួយ ដែលជាការសងសឹកចំពោះការ ធ្វើឃាតលោកឧត្តមសេនីយ៍ Qasem Soleimani ។ យោងតាមរបាយការណ៍ គោលដៅអាចជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វ្រិកខាងត្បូង។
យោងតាមមន្រ្តីមិនបញ្ចេញឈ្មោះ គឺថា អ៊ីរ៉ង់កំពុងស្វែងរកមធ្យោបាយដើម្បីសងសឹកប្រឆាំង នឹងឃាតកម្មរបស់លោក Qasem Soleimani ដែលជាការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលបញ្ជាដោយផ្ទាល់ ដោយប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។
យោងតាមរបាយការណ៍នានា បានអោយដឹងថា លទ្ធភាពនៃការធ្វើឃាតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក នឹងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា