បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី ដែលនិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ីនឹងបញ្ជូនកងទ័ពពីអង្គភាពកងទ័ពឆ័ត្រយោង Pskov ទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួមសហសមយុទ្ធយោធា ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
ក្រសួងការពារជាតិ របស់រុស្ស៊ីបាននិយាយថា សហសមយុទ្ធយោធា “Slavic brotherhood” នោះ នឹងគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៥ ខែកញ្ញា ហើយក្រសួងបាននិយាយបន្ថែមទៀតថា កងទ័ពឆ័ត្រយោងរុស្ស៊ី នឹងវិលត្រឡប់មកប្រទេសរុស្ស៊ីវិញ នៅពេលដែលសមយុទ្ធ ទាំងនោះចប់សព្វគ្រប់។
គួរបញ្ជាក់ថា សមយុទ្ធយោធានេះ គឺត្រូវបានធ្វើឡើង ស្របពេលមានភាពតានតឹងក្នុងប្រទេសបេឡារុស ដោយសារតែលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ប្រឈមមុខនឹងការផ្ទុះកំហឹងសាធារណរដ្ឋជន ជុំវិញការបោះឆ្នោតកាលពីខែមុន ដែលក្រុមប្រឆាំង របស់លោកនិយាយថា មានការក្លែងបន្លំ ហើយការតវ៉ាបានតេស្ត សាកល្បងភាពស្មោះត្រង់របស់កងកម្លាំងសន្តិសុខរបស់លោក៕
ប្រែសម្រួល៖ ប៉ាង កុង