បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបង្កើនល្បឿនកិច្ចចរចាគ្នា ដើម្បីបញ្ចប់សម្រេចការ វិនិយោគរវាងចិននិងសហភាពអឺរ៉ុប ហើយការប្រកួតប្រជែងគ្នាជាមួយចិន ត្រូវតែមានភាពយុត្តិធម៌។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយជំនួបកំពូលតាមអនឡាញ ជាមួយលោកប្រធានាធិបតីចិនរួចមក លោកស្រីអធិការបតីអាល្លឺម៉ង់ បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងកំពុងតែបន្ថែមសម្ពាធ ដើម្បីធ្វើឲ្យមានការវិវត្តរីកចម្រើនទៅមុខ លើកិច្ចព្រមព្រៀងវិនិយោគ”។
លោកស្រីបានបន្ថែមទៀតថា “សរុបទៅសហប្រតិបត្តិការ ជាមួយប្រទេសចិន ត្រូវតែផ្អែកលើគោលការណ៍ជាក់ស្តែង គឺបដិភាពដែលជាការ ប្រកួតប្រជែងដោយយុត្តិធម៌។ យើងគឺជាប្រព័ន្ធសង្គមខុសគ្នា ប៉ុន្តែក្នុងខណៈដែលយើងប្តេជ្ញា ចំពោះភាពជាពហុភាគីនោះ វាត្រូវតែផ្អែកលើក្រឹតក្រមច្បាប់” ៕
ប្រែសម្រួល៖ ប៉ាង កុង